top of page

ប្រវត្តិពុទ្ធិកសិក្សាជាតិ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា (អពសជក)

General Inspectorate for National Buddhist Education of the Kingdom of Cambodia (GINBEC)

GINBEC 00A.jpg

ពុទ្ធិកសិក្សា   គឺត្រូវបានគេស្គាល់ជាទូទៅថាជាស្ថាប័នអប់រំសម្រាប់តែព្រះសង្ឃ ដែលបាន
បួស  នៅក្នុង​ព្រះពុទ្ធ​សាសនាប៉ុណ្ណោះ   ប៉ុន្តែធាតុពិត ស្ថាប័នអប់រំពុទ្ធិកសិក្សា  គឺជាប្រព័ន្ធអប់រំតាមបែបសាសានា    ដ៏មានសក្តានុពល ដែលបានផ្តល់ការអប់រំបណ្តុះបណ្តាល   ដល់សមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងកុលបុត្រខ្មែរទូទៅ  ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬសាសនាឡើយ។   ស្ថាប័នអប់រំមួយនេះបានផ្តល់ឱកាសឱ្យកុលបុត្រ​ខែ្មរ​ទូទៅ

បានសិក្សារៀនសូត្រ   អភិវឌ្ឍចំណេះដឹង  ជំនាញ   និងសមត្ថភាពចាប់ពីកម្រិតសាលាធម្មវិន័យ  ពុទ្ធិកបឋមសិក្សា  រហូតដល់កម្រិតពុទ្ធិកឧត្តមសិក្សា  និងក្រោយពុទ្ធិកឧត្តមសិក្សា។   យោងតាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាង​ច្បាស់ថាវិស័យអប់រំពុទ្ធិកសិក្សា គឺស្ថាប័នអប់រំដ៏មានវ័យចំណាស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបាន​បណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើនតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។  ពុទ្ធិកសិក្សា   ត្រូវបានបង្កើតឡើងតាមរយៈ​ព្រះរាជប្រកាសព្រះករុណាព្រះបាទ​ស៊ីសុវត្ថិ ​លេខ ៤៩ ចុះ​ថ្ងៃ​សុក្រ ១២ រោច ទុតិយាសាឍ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២  ត្រូវនឹងថ្ងៃ​ទី ១៣  ខែសីហា  ឆ្នាំ​១៩០៩ ​ ដោយប្រសិទ្ធនាមថា  បរមពុទ្ធវចនបរិយត្តបសាន   ដែលមានទីតាំង​ដំបូងគេនៅ​នគរ​វត្ត (ខេត្តសៀមរាប) ​(វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០៦, ទំ. ១៧)។

     វិស័យពុទ្ធិកសិក្សា ត្រូវបានបិទ​ទា្វរទាំងស្រុងអំឡុងឆ្នាំ១៩៧៥-១៩៧៩  ក្រោមការដឹក
នាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ យោងសេច
ក្តី​សម្រេច  របស់គណៈ​លេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជាលេខ២៩២  ដ.ខមប  ចុះថ្ងៃទី១៣ ខែ
វិច្ឆិកា ឆ្នាំ១៩៨៩ ពុទ្ធិកសិក្សា ក៏បានចាប់ផ្តើមដំណើរការឡើងវិញ    មានទីតាំងស្ថិតនៅក្នុងវត្តទួលទំពូង   សង្កាត់ទួលទំពូងទី១    ខណ្ឌចំការមន  រាជធានីភ្នំពេញ   ដែលដំបូងឡើយ

GINBEC 00C.jpg

បើកដំណើរការត្រឹមតែកម្រិត​ពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ប៉ុណ្ណោះ​   លុះដល់​ថ្ងៃទី១៣  ខែវិច្ឆិកា ​ ឆ្នាំ១៩៩២  ដោយមើលឃើញពីដំណើរវិវឌ្ឍ  និងការរួមចំណែកយ៉ាងច្រើនរបស់វិស័យពុទ្ធិកសិក្សាក្នុងការរអភិវឌ្ឍ​ធន​ធាន​មនុស្ស ទើបក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជាបានអនុញ្ញាតឱ្យក្រសួងធម្មការ  និងសាសនា  បើកដំណើរការឡើងវិញនូវ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ​ដែល​មានកម្រិតសិក្សាត្រឹមពុទ្ធិកមធ្យម​សិក្សា​បឋម​ភូមិ (ឌីប្លូម)   មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ រាជធានីភំ្នពេញ។ នៅឆ្នាំ១៩៩៧ ពុទ្ធិកមធ្យមសិក្សា​​​ទុ​តិយ​ភូមិ (បាក់ឌុប)  ក៏បានបើកឱ្យដំណើរការបន្តទៀត ដើម្បីបំពេញតម្រូវ
ការជាក់ស្តែងរបស់សមណសក្យបុត្រ  ក៏ដូចជាកុលបុត្រពុទ្ធសាស​និក​ខ្មែរទូទៅបានសិក្សារៀនសូត្របន្ថែមទៀត។    ចំពោះការអភិវឌ្ឍចំណេះដឹង  សមត្ថភាព  និងជំនាញពុំមានព្រំដែនឡើយ   ហេតុនេះហើយ   នៅឆ្នាំ១៩៩៩    រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការ
ពុទ្ធិកមហា​វិទ្យា​ល័យព្រះសីហនុរាជបន្ថែមទៀត។        ក្រោយមកតាមយោងអនុក្រឹត្យលេខ​០៥ អ.នក្រ.បក ចុះថ្ងៃទី២០ ខែមករាឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ   បានប្រែក្លាយទៅជាពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្ន​ពេញ  (ខាងមុខព្រះបរមរាជវាំង)។   នៅឆ្នាំ២០០៨  ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ បានបង្កើតសាខា​ចំនួនពីរបន្ថែមទៀត គឺសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។        លើសពីនេះទៅទៀត ដោយមើលឃើញពីតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សកម្រិតពុទ្ធិកឧត្តមសិក្សា​មានការកើនឡើង   រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការ   នូវពុទ្ធិកសាកល​វិទ្យា
ល័យ​ចំនួនពីរផ្សេងទៀត  ក្នុងនោះរួមមាន៖  
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា   ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ៨៣​អនក្រ ប.ក  ចុះថ្ងៃទី២៤  ខែកក្កដា  ឆ្នាំ២០០៧  ស្តីពីការបង្កើតពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា   និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈអនុក្រឹត្យលេខ ១៩២ អនក្រ.បក    ចុះថ្ងៃ
ទី២៣ ខែសីហា ឆ្នាំ២០១១។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបណ្តុះបណ្តាល ការគ្រប់គ្រង  និងការសម្របសម្រួលការងារ​វិស័យពុទ្ធិកសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់  ប្រមុខរាជរដ្ឋាភិបាល   និង
ថ្នាក់ដឹកនាំ  តាមឋានានុក្រម     បានសម្រេចបង្កើត 
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ  នៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកគ្រប់គ្រងពុទ្ធិកបឋមសិក្សារហូតដល់​ពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សាទូទាំងប្រទេស។[1]   ជាងនេះទៅទៀត    ដើម្បីពង្រឹងការងារ

ពុទ្ធិកសិក្សា​ឱ្យ​កាន់តែល្អប្រសើរថែមទៀតនោះ    និងទៅតាមដំណើរវិវឌ្ឍរបស់សង្គម   ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា​ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ  ត្រូវបានដាក់ស្ថិតនៅក្រោមចំណុះនៃក្រសួងធម្មការនិងសាសនា   ដែលមានថ្នាក់ស្មើ​នឹងអគ្គនាយកដ្ឋាននិងមានផ្នែកចំណុះចំនួន ០៤   រួមមានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ   ផ្នែកពុទ្ធិកមធ្យមសិក្សា​ផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា និងផ្នែករដ្ឋបាលនិងគណនេយ្យ។    [2] ក្រោយមកទៀត នៅឆ្នាំ២០២១ ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល   និងការចាក់ផ្សាយកម្មវិធីទូរសិក្សាក្នុងអំឡុងសម័យកាលនៃវិបត្តិ​ជំងឺកូវីដ-១៩   កំពុងរាតត្បាតខ្លាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដំឡើងពុទ្ធិកវិទ្យាល័យព្រះ​សុរាម្រឹតឱ្យមានថ្នាក់ស្មើនាយកដ្ឋាន  [3]ផងដែរ។ ដូច្នេះ  អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ  នាពេលបច្ចុប្បន្នមានផ្នែក​ចំណុះចំនួន  ០៥  រួមទាំងផ្នែកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។

[1]    អនុក្រឹត្យលេខ ៨៨ អនក្រ.បក  ចុះថ្ងៃទី២៨  ខែសីហា  ឆ្នាំ២០០៦  ស្តីពីការបង្កើត
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃ          ព្រះរាជាណាចក្រកម្ពុជា
[2]   អនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់
ក្រសួងធម្មការ
       និងសាសនា
[3]   អនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ស្តីពី ការដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតមានថ្នាក់
       ស្មើការិយាល័យទៅជាថ្នាក់ស្មើនាយកដ្ឋាន​ចំណុះផ្ទាល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ប្រវត្តិសាលា

ពុទ្ធិកវិទ្យាល័យ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Samdech Akka Mohasenapadei Techo Hun Sen Buddhist High School

bottom of page